
សិរីសួស្តីឆ្នាំឆ្លូវ!
យើងសូមស្វាគមន៍សត្វគោ ដែលមានចរឹកខ្ជាប់ខ្ជួនហើយឧស្សាហ៍ មានចិត្តធម៌មេត្តនិងចរឹកល្អ។ ហើយដូចទៅនឹងសត្វគោដែរ យើងគួរតែចេះខ្ជាប់ខ្ជួននិងមានចិត្តធម៌មេត្តា ដើម្បីថែរក្សាមនុស្សដែលជាទីស្រឡាញ់របស់យើងអោយមានសុវត្ថិភាពនៅពេលយើងអបអរសាទរឆ្នាំថ្មីនេះ។
ជួបជុំគ្នាតូចជាងមុន តែនៅកាន់ប្រពៃណីធំដដែល

បុណ្យចូលឆ្នាំថ្មីគឺជាពេលវេលាដ៏មានតម្លៃសម្រាប់ការជួបជុំគ្នាក្នុងគ្រួសារ។ ដោយសារជំងឺកូវីដ-១៩ នៅបន្តរាលដាល (រួមទាំងមានមេរោគវីរុសប្រភេទថ្មីផងដែរ) ដើម្បីរក្សាសុវត្ថិភាពអោយបានប្រសើរជាងមុន យើងគួររក្សាពិធីបុណ្យជួបជុំគ្នាអោយមានកម្រិតតូចជាងមុនហើយជៀសវាងទីកន្លែងដែលមានមនុស្សច្រើន។ យើងនឹងខកខានពិធីជប់លៀងនិងពិធីដង្ហែអ៊ូអរនៅតាមដងផ្លូវ ប៉ុន្តែយើងនៅតែអាចអបអរពិធីនេះតាមប្រពៃណីរបស់យើងដដែល។
នេះគឺជាអ្វីដែល Sinang Lee ដែលធ្វើការនៅផ្នែកសុខភាពបរិស្ថានរបស់យើងបានមានប្រសាសន៍៖ “ម្តាយរបស់ខ្ញុំបានផ្ញើនំលោកខែនិងអាំងប៉ាវជូនសំណាងដល់កូនៗរបស់ខ្ញុំ។ យើងក៏រៀបចំដាក់ចានម្ហូបជាច្រើនជួរ ហើយរៀបរូបថតដូនតារបស់យើងសែននៅក្បាលតុ។ យើងអុជធូបរលឹកគុណគោរពពួកគាត់និងអញ្ជើញពួកគាត់មកបរិភោគអាហារ រួចហើយទើបពួកយើងគ្រប់ៗគ្នាចាប់ផ្តើមបរិភោគអាហារតាមក្រោយ។ ឆ្នាំនេះពួកយើងនឹងជួបជាមួយយាយតាមរយៈ Zoom ។”
ទំនៀមទម្លាប់ក្រុមគ្រួសាររបស់ Khanh Ho ដែលធ្វើការជាអ្នកអប់រំសុខភាពបរិស្ថាន គឺគាត់ដូរអាហារគ្នាជាមួយញាតិសន្ដាននិងមិត្តភក្តិរបស់គាត់សម្រាប់បុណ្យចូលឆ្នាំវៀតណាម៖
“ឆ្នាំនេះ – យើងដូរការដូគ្នាដូចនិងបុណ្យផ្សេងៗដែរ – គម្រោងរបស់យើង គឺយកកាដូដាក់នៅមុខផ្ទះរបស់ញាតមិត្តដោយមិនចាំបាច់ចូលទៅក្នុងផ្ទះរបស់ពួកគេ។ ហាងលក់ឥវ៉ាន់និងហាងលក់ម្ហូបជាច្រើននៅទីក្រុងតូចសៃហ្គន (Little Saigon)មានលក់របស់របរតាមរដូវ ដែលភាគច្រើនអាចកម៉្មង់ទុកមុនបានផងដែរ!”
យោបល់ខ្លះៗសម្រាប់ទិញឥវ៉ាន់និងម្ហូបអាហារដោយងាយស្រួលៗ
ម្ហូបអាហារគឺជាផ្នែកធំមួយរបស់ប្រពៃណី ហើយ Alan Lai ដែលជាអ្នកធ្វើការបម្រើសហគមន៍ទាក់ទងផ្នែកជំងឺកូវីដ-១៩ របស់យើង មានប្រសាសន៍ថា នេះមានន័យថាមនុស្សជាច្រើនកុះករនឹងចេញទៅទិញម្ហូប៖

ថ្ងៃមុនចូលឆ្នាំចិន គឺជាថ្ងៃជួបជុំគ្នាបរិភោគអាហារពេលល្ងាចប្រចាំឆ្នាំដ៏សំខាន់បំផុតសម្រាប់ក្រុមគ្រួសារ។ រំពឹងថានឹងមានមនុស្សច្រើនកុះករនៅតាមផ្សារទំនើបនិងភោជនីយដ្ឋាន។ ហើយនឹងមានគេកម៉្មង់ម្ហូបជាច្រើនយកទៅផ្ទះដោយសារតែជំងឺរាតត្បាត។ រំពឹងថានឹងរង់ចាំយូរ។ ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩ សូមទៅដើរផ្សារនៅពេលណាមិនសូវមានមនុស្សច្រើនកុះករ ហើយត្រូវពាក់ម៉ាស់គ្របពីលើមាត់និងច្រមុះរបស់អ្នកអោយបានត្រឹមត្រូវណែនល្អ។ សូមមានបញ្ជីឈ្មោះរបស់ដែលត្រូវទិញ ដូច្នេះអ្នកមិនចំណាយពេលច្រើននៅក្នុងផ្សារ។ ប្រសិនបើផ្សារទំនើបមានជម្រើសអោយយករបស់ទិញនៅខាងក្រៅផ្សារ នោះគឺជាជម្រើសកាន់តែមានសុវត្ថិភាព។
ការទិញម្ហូបយកទៅហូបនៅផ្ទះ គឺជាវិធីដ៏ល្អប្រសើរមួយផងដែរ ជាពិសេស ព្រោះយើងមានភោជនីដ្ឋានលក់ម្ហូបអាហារដ៏ឆ្ងាញ់ៗនៅក្នុងស្រុក។ Eva Wong គឺជាអ្នកជំនាញខាងរោគរាតត្បាតរបស់យើងម្នាក់ តែងតែបើកពិធីជប់លៀងធំហូបម្ហូបគាវ៖
“ឆ្នាំនេះខ្ញុំគ្រោងនឹងកម៉្មង់គាវកកមកធ្វើនៅផ្ទះ។ ឆ្នាំនេះមិនអាចបើកពិធីជប់លៀងធំបានទេ។” ហើយពិតប្រាកដណាស់ អ្នកក៏គាំទ្រសហគមន៍អាជីវកម្មក្នុងស្រុករបស់យើងតាមរយៈការកម៉្មង់នេះដែរ!
បច្ចេកទេសផ្សេងៗគ្នាសម្រាប់ទំនាក់ទំនងនឹងវប្បធម៌
Lin Song គឺជាអ្នកធ្វើការផ្នែកវិនិច្ឆ័យនិងវិភាគតម្លៃនៅឯមន្ទីរសុខភាពសាធារណៈ នឹងមិនទៅសួរសុខទុក្ខសាច់ញាតិទេ ប៉ុន្តែគាត់នឹងនៅមានទំនាក់ទំនងជាមួយពួកគេ៖ “ខ្ញុំនឹងផ្ញើកាតអនឡាញសួស្ដីឆ្នាំថ្មីទៅសាច់ញាតិនិងមិត្តភក្តិនៅប្រទេសចិននិងសហរដ្ឋអាមេរិកតាមរយៈ WeChat ។ ហើយខ្ញុំនឹងមើលពិធីអបអរសាទរបុណ្យឆ្នាំថ្មីរបស់ទូរទស្សន៍ចិនតាមរយៈអ៊ិនធឺណេត។”
អ្នកអាចរីករាយនឹងព្រឹត្តិការណ៍ក្នុងស្រុកតាមរយៈពិភពអនឡាញផងដែរ៖
- នៅថ្ងៃសៅរ៍ទី ១៣ ខែកុម្ភៈ វេលាម៉ោង ១ រសៀល អ្នកអាចមើលកម្មវិធីបុណ្យចូលឆ្នាំចិនតាមរយៈ Zoom នៅសារមន្ទីរ Wing Luke រួមទាំងមានបង្ហាញការរាំម៉ុងសាយផងដែរ!
- ការអបអរសាទរនឹងបន្តក្នុងសប្តាហ៍ នៅពេល CISC នឹងបើកព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីតាមរយៈ YouTube នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ វេលាម៉ោង ៧ យប់ នឹងមានការប្រគុំតន្រ្តីនិងរបាំប្រពៃណី។
វាលំបាកណាស់នៅពេលដែលក្រុមគ្រួសារនិងមិត្តភក្តិមិនអាចជួបជុំគ្នាបានក្នុងថ្ងៃបុណ្យ ប៉ុន្តែវាសំខាន់ណាស់ យើងចេះថែរក្សាគ្នាដោយស្វែងរកវិធីមានសុវត្ថិភាពសម្រាប់អបអរថ្ងៃបុណ្យ។ ប្រសិនបើអ្នកត្រូវតែជួបជុំគ្នាដាច់ខាត សូមជួបគ្នាមួយរយៈពេលខ្លីបានហើយ។ សូមជួបជុំគ្នានៅខាងក្រៅផ្ទះប្រសិនបើអាចធ្វើទៅបាន ឬត្រូវអោយប្រាកដថា ទីកន្លែងជួបជុំគ្នានៅក្នុងផ្ទះមានខ្យល់ចេញចូលបានល្អ (ស្លៀកសម្លៀកបំពាក់កក់ក្តៅនិងចំហបង្អួចនិងទ្វារអោយមានខ្យល់ចេញចូលប្រសិនបើអ្នកអាចធ្វើទៅបាន) ។
សូមជូនពរគ្រប់ៗគ្នាមានសុខភាពល្អនិងសំណាងល្អក្នុងឆ្នាំឆ្លូវនេះ!